ស្រវឹងស្រាវាយប្រពន្ធមិនឆ្អែតកាប់បងថ្លៃ ២ កាំបិត
ខេត្តព្រះវិហារ ៖ ជំលោះផ្ទៃក្នុងគ្រួសារមួយរវាងប្តី និងប្រពន្ធ នៅក្នុងភូមិភារកិច្ច ឃុំប៉ាលហាល ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារបានកើតឡើងខណៈប្តីឈ្មោះសុខ ជឹម អាយុ៤០ឆ្នាំ ជាកម្មករសំណង់ ពេល ត្រឡប់ពីផឹកស៊ីស្រវឹងមកដល់ផ្ទះវិញ ក៏រករឿងប្រពន្ធឈ្មោះគង់ សុភា អាយុ៣៨ឆ្នាំ ។ គ្រួសារ ដែលមានជំលោះនឹងគ្នានេះ ពុំមានទីកន្លែងរស់នៅពិតប្រាកដទេ ដោយប្រពន្ធឈ្មោះគង់ សុភា បានសុំដី លំនៅឋានរបស់បងថ្លៃប្រុសឈ្មោះសុខ ធី ជានាយប៉ុស្តិ៍ប៉ូលិសឃុំពោធិ៍ ស្រុកត្បែងមានជ័យ ដើម្បី សង់ផ្ទះនៅបណ្តោះអាសន្ន ។ ទាក់ទិននឹងអំពើហិង្សានេះត្រូវបានឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី៤ ឧសភា បន្ទាប់ពីផឹកស៊ីស្រវឹង មកដល់ផ្ទះ ឈ្មោះសុខ ជឹម បានរករឿងប្រពន្ធ ហើយទាញពូថៅ និងកាំបិតប៉័ងតោដេញកាប់។ ដោយ ការភ័យខ្លាចស្ត្រីជាប្រពន្ធបានរត់ទៅឱ្យបងថ្លៃប្រុសជានាយប៉ុស្តិ៍ជួយ នៅពេលនោះលោកអនុសេនីយ៍ត្រី សុខ ធី ក៏បានចេញពីក្នុងផ្ទះមកជួយ និងឃាត់កុំឱ្យមានការឈ្លោះប្រកែកគ្នាដែលនាំឱ្យខ្មាសអ្នកជិតខាង។ ជាអកុសលលោកនាយប៉ុស្តិ៍សុខ ធី ត្រូវបានប្អូនថ្លៃឈ្មោះសុខ ជឹម កាប់ពីរកាំបិតប៉័ងតោត្រូវចំក្បាល មួយកាំបិតត្រូវកណ្តាលខ្នងមួយកាំបិតធ្វើឱ្យលោកសុខ ធី ដួលសន្លប់មួយរំពេច ហើយត្រូវបានអ្នកជិត ខាងជួយនាំមកកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារក្នុង ពេលនោះភ្លាមៗដែរ ។ ស្ត្រីជាប្រពន្ធឈ្មោះគង់ សុភា បានរៀបរាប់ថា ប្តីរបស់គាត់ឈ្មោះសុខ ជឹម នេះ គឺជាប្តីទីពីរដែល យកគ្នាជាប្តីប្រពន្ធ បន្ទាប់ពីគាត់លែងលះគ្នាជាមួយប្តីមុននៅឆ្នាំ២០០១ ដោយរួមរស់ជាមួយគ្នាបានរយៈ ពេល៧ឆ្នាំហើយ និងបានកូនស្រីមួយ។ ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធថ្ងៃណាមកគាត់ពុំដែលបានសប្បាយ ចិត្តទេ ថ្ងៃណាក៏ជាថ្ងៃស្រវឹង ថ្ងៃណាក៏ជាថ្ងៃមានបញ្ហាសំរាប់គាត់ដែរ តែមិនដឹងធ្វើម៉េច បើបានគ្នាជា ប្រពន្ធប្តីទៅហើយ។ ស្ត្រីជាប្រពន្ធបានបន្តទៀតថា គាត់ត្រូវតែប្តឹងឱ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនប្តីប្រមឹកនេះដាក់ពន្ធនាគារឱ្យ បានដើម្បីឱ្យសមនឹងកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ហើយដើម្បីទុកជាគំរូដល់មនុស្សដែលគ្មានចរិត ត្រឹមត្រូវ គ្មានសីលធម៌នៅក្នុងសង្គមបែបប្តីរបស់គាត់នេះ ។ បច្ចុប្បន្នឈ្មោះសុខ ជឹម បានរត់គេចខ្លួន ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តនិយាយថា ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅសាលាដំបូង។
